តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បើក​​សវនាការ​របស់​ខ្លួន​នៅ​សប្តាហ៍​មុន។ ព្រះ​រាជអាជ្ញា​បាន​លាត​ត្រដាង​រឿង​ក្តី​ប្រឆាំង​បុគ្គល​៣​រូប​​​ដែល​រង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័​យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​នៅ​ខណៈ​​ពេល​​ដែល​ពួក​គេ​​មាន​តួនាទីជា​មេដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​ចលនា​នោះ។

ក្រុម​ព្រះ​រាជអាជ្ញា​​បាន​ចំណាយ​ពេល​១​ថ្ងៃ​កន្លះ​​ដើម្បី​ផ្តល់​អំណះ​អំណាង​​​​ចោទ​ប្រកាន់​ប្រឆាំង​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តុលាការ​។

លោក​ Andrew Cayley ​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​និយាយ​ថា​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ឬCPK ជឿជាក់​ថា​ពួកគេ​ បាន​រក​ឃើញ​ការ​សម្ងាត់​ក្នុង​​ការ​ធ្វើ​បដិវត្តន៍​​កុម្មុយនិស្ត​ប្រកប​ដោយ​ជោគជ័យ​ ជា​សេចក្តី​សម្រេច​ចិត្ត​មួយ​​ដែល​បដិវត្តន៍​ផ្សេងៗ​ទៀត​​មិន​អាច​ធ្វើ​បាន។

«ជន​ជាប់​ចោទ​ បាន​ជឿជាក់​ថា​ បដិវត្តន៍​កុម្មុយនិស្ត​មុនៗ​ បាន​បរាជ័យ​ពីព្រោះ​តែ​ សត្រូវ​វណ្ណៈ បាន​ជ្រៀត​ជ្រែក​ចូល​ហើយ​ធ្វើ​ឲ្យ​​អំពើ​ពុក​ដល់​​បដិវត្តន៍​ទាំង​នោះ។ សេចក្តី​សម្រេចចិត្ត​​​ដែល​ជន​ចុង​ចោទ​ បាន​ចាប់​យក​គឺ​លុប​បំបាត់​ចោល​សត្រូវ​វណ្ណៈ​​របស់​គេទាំងអស់។​ »

លោក ​Cayley បាន​​​​បន្ត​ពន្យល់​​ថា​តើ​នរណា​ជា​សត្រូវ​ ហើយ​​នឹង​ពី​របៀប​សម្លាប់​​រង្គាល​​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​នោះ។

«តុលាការ​​ជាទី​គោរព​ តាមពិត​គឺថា​ មនុស្ស​ដែល​ពួក​ចុង​ចោទ​ចាត់​ទុក​ជា​សត្រូវ​របស់​បក្ស​កុម្មុយនិស្ត​​គឺ​ជា​ក្រុម​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​​និង​រីក​ធំឡើងៗ​ជានិច្ច។»

ប៉ុន្មាន​ថ្ងៃភ្លាមៗ​បន្ទាប់​ពី​ជ័យ​ជម្នះ​​​របស់​ខ្មែ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥​ សត្រូវ​គឺ​ជន​ណា​ដែល​មានការ​ទាក់​ទិន​​ជាមួយ​របប​លោក​ លន់​ ណុល​ដែលបាន​​ទទួល​បរាជ័យ​ ដូច​ជា​និស្សិត​ គ្រូបង្រៀន​ វេជ្ជបណ្ឌិត​និង​មេធាវី​ ហើយនឹង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​ទីក្រុង។

នៅ​ពេល​ដែល​ចលនា​នោះ​ បាន​ត្រូវ​បណ្តេញ​ចេញពី​អំណាច​​ក្នុង​ឆ្នាំ​១៩៧៩​ ជំងឺ​​គិត​​ផ្តេស​ផ្តាស​​​​របស់​គេ​មានន័យ​ថា​គេ ​ឃើញ​សត្រូវ​ទាំង​នោះ​នៅ​គ្រប់​ទី​កន្លែង​ ហើយ​ជាពិសេស​ទៀត​ នៅ​ក្នុង​ជួរ​​របប​របស់​ខ្លួន​គេផ្ទាល់​។

ក្នុង​ដំណើរការ​នេះ ពួក​ខ្មែរក្រហម​ បាន​កំចាត់​សមាជិក​យ៉ាង​ច្រើន​ដែល​ជា​មនុស្ស​របស់​ខ្លួន​គេផ្ទាល់​ដែរ​។

«ហើយ​នៅពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​បាន​រីក​ចម្រើនហើយ​ពួក​មេដឹក​នាំ​​មាន​ជំងឺ​គិត​ផ្តេសផ្តាស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​បានធ្វើ​ឲ្យ​ខ្លួន​គេ​ជឿជាក់​ថា​ ការ​បរាជ័យ​របស់​ខ្លួន​ បណ្តាល​មកពី​​ CIA, KGB ឬ​ភ្នាក់ងារ​វៀតណាម​ ការ​ផ្តោត​ការ​​ប្រមាញ់​សត្រូវ​របស់​ពួកគេ​​បាន​ប្តូរ​ពី​សត្រូវ​វណ្ណៈ​ទៅ​ជា​សត្រូវ​ស៊ី​រូង​​ផ្ទៃក្នុង​ដែល​បាន​ជ្រៀត​ជ្រែកនៅ​ក្នុង​ជួរ​បក្ស។»

ចំពោះ​​ផ្នែក​របស់​ពួកគេ​ដែលចុង​ចោទ​ហើយ​នឹង​មេធាវី​របស់​ពួកគេ​​បាន​ពណ៌នា​ការ​លើក​ឡើង​​របស់​ក្រុម​ព្រះរាជ​អាជ្ញា​ថា​ជាការ​មិនពិត​ ជារឿង​ប្រឌិត​ទាំង​ស្រុង​ ហើយ​ដូចជា​រឿង​ប្រលោម​លោក​​របស់​ Alexandre Dumas ​ដែល​ជា​អ្នក​សរសេរ​រឿង ​The ​Three ​ Musketeers​ ឬ​ ខ្មាន់​​កាំភ្លើង​ទាំង​បី។

នួន​ ជា​ អាយុ​៨៥ ឆ្នាំ​ដែល​បាន​អាន​រយៈពេល​៩០នាទី​​ដោយ​ការ​ស្វាហាប់​ បង្ហាញ​​ថា​​ហេតុអ្វី​ បាន​ជាគាត់​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រធាន​មនោគម​វិជ្ជា​​របស់​ចលនា​នោះ​ បាន​រិះគន់​យ៉ាង​វែង​ខ្លាំងៗ​​ប្រឆាំង​នឹង​វៀតណាម​ដែល​ជា​សត្រូវ​​ដ៏​យូរ​អង្វែង​​របស់​ខ្មែរ​ក្រហម។

នួន​ ជា ​បាន​ប្រាប់​តុលាការ​ថា​ប្រទេស​ជិត​ខាង​ភាគ​ខាង​កើត​​របស់​កម្ពុជា​​ មាន​ផែន​ជា​យូរ​យា​ណាស់​មកហើយ​​​ប្រឆាំង​ប្រទេស​របស់​គាត់​ ហើយ​មាន​បំណង​ប្រាថ្នា​បំបាត់​ប្រជា​ជន​កម្ពុជា​។

នួន ជា​ និយាយ​ថា​ គាត់​ចូល​រួម​បដិវត្តន៍​ដើម្បី​ការពារ​​ប្រទេស​កម្ពុជា។

មនោសញ្ចេតនា​ស្នេហា​ជាតិ​និយម​ បាន​ត្រូវ​ទទួល​យក​ដោយ​អតីត​ប្រមុខរដ្ឋ​ខៀវ​ សំផន​​ដែរ។ លោក​​បាន​ប្រាប់​​​ក្រុម​ព្រះ​រាជអាជ្ញា​ថា​លោក​បាន​​ចាប់​អារម្មណ៍​​លទ្ធិ​កុម្មុយនិស្ត​នៅ​ខណៈ​ពេល​ដែល​គាត់​សិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ទីក្រុង​ប៉ារីស។

«ថ្ងៃ​នេះ​ អស់​លោក​អ្នក​ មើល​ឃើញ​បញ្ហា​នេះ​ថា​ជា​រឿង​កំប្លែង​មួយ​។​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ខ្ញុំ​គួរតែ​រំលឹក​អស់​លោក​អ្នក​ថា​នៅ​ពេល​នោះ​លទ្ធិ​កុម្មុយនិស្ត​ជា​ចល​​នា​មួយ​​ដែល​ផ្តល់​សេចក្តី​សង្ឃឹម​​ដល់​យុវជន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដគឺ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​របស់​ខ្ញុំ។»

លោក​ ខៀវ ​សំផន​ ក៏​និយាយ​ដែរ​អំពី​​យុទ្ធនាការ​​ទម្លាក់​គ្រាប់បែក​ដ៏​សម្បើម​​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដោយ​ខុស​ច្បាប់​មក​លើ​ប្រទេស​កម្ពុជានៅ​ឆ្នាំ​១៩៦៩។

ការ​ទម្លាក់​គ្រាប់​បែក​​បាន​ត្រូវ​គេ​យល់​ជា​ទូទៅ​ថា​បាន​ជំរុញ​ឲ្យ​​មាន​ការ​គាំទ្រ​ដល់​ពួក​ខ្មែរ​ក្រហម​ ប៉ុន្តែ​ បញ្ហា​នេះ​ បាន​ស្ថិត​នៅ​​ក្រៅ​​រយៈពេល​កំណត់​ដែល​ពួក​អ្នក​នយោបាយ​បាន​កម្រិត​សម្រាប់​តុលាការ។

«តើ​អស់​លោក​ អាច​នឹក​ស្រមៃ​ពី​អ្វី​ដែល​ប្រទេស​របស់​ខ្ញុំ​ បាន​ប្រឈម​មុខ​បន្ទាប់​ពី​ការ​សម្លាប់​បង្ហូរ​ឈាម​បែប​នោះ? ទោះ​បី​ អស់​លោក​អ្នក​ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​វា​ក៏ដោយ​ ប្រជា​ពលរដ្ឋ​កម្ពុជា​​ភាគ​ច្រើន​ បាន​ផ្តល់​ការ​គាំទ្រ​របស់​គេ​ដល់​យើង​ដើម្បី​ប្រឆាំង​នឹង​របប​លោក​លន់​ ណុល។»

អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ អៀង សារី​ បាន​និយាយ​ត្រួសៗ​​​តវ៉ា​ថា​តុលាការ​ មិន​បាន​ពិចារណា​ពី​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដល់​លោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៦​ដើម្បី​ឲ្យ​គាត់​​ហើយ​នឹង​​​ពួក​អ្នក​គាំទ្រ​រាប់​ពាន់​ទៀត​របស់​គាត់​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។

មេដឹកនាំ​ទាំង​៣​ ត្រូវរង​ការ​ចោទ​ប្រកាន់​​ពី​បទ​​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយនឹង​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​គឺ​ ឧក្រិដ្ឋកម្ម​នៃ​ការ​សម្លាប់​ ​វិនាសកម្ម ការ​ធ្វើ​ជាទាសភាព​ ការ​ដាក់គុក​ ការ​ធ្វើ​ទារុណ​​កម្ម​ ការ​ប្រហារ​ជីវិត​​ហើយ​នឹង​ការ​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​។

ក្នុង​សារៈ​សំខាន់​មួយទៀត​ ពួកគេ​ ​ត្រូវកាត់ទោស​ពី​ការ​ធ្វើ​ឲ្យ​មាន​នយោបាយ​ដែល​បាន​នាំឲ្យ​មាន​ការស្លាប់​ប្រជា​ពលរដ្ឋ​​ប្រហែល​២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​​១៩៧៥​និង​ឆ្នាំ​១៩៧៩។

ពួកគេ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់។

ការ​ឆ្លើយ​តប​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​មើល​ដំណើរការ​កាត់​ទោស​​មាន​ភាព​ផ្សេងៗគ្នា​ចាប់​តាំងពី​ការមានសមានចិត្តដល់​ជន​ចុងចោទ​ចាស់​ជរារហូត​​​ដល់​ការ​ខឹង​សម្បារ​​ថា​ពួកគេ​​បាន​បន្ត​បដិសេធ​ការទទួល​ខុសត្រូវ​​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​របប​របស់​ពួកគេ​។

លោកស្រី ​Clair Duffy ​អ្នក​សង្កេតការ​ណ៍​​​តុលាការ​​ដែល​ឃ្លាំមើល​​ដំណើរការ​កាត់​ទោស​​សម្រាប់​​អង្គការ​ការ​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​បើក​ចំហរ​ (Open ​Society​ Justice​ Initiative) និយាយ​ថា​​​ភាគី​ដើម​ចោទ​ហើយ​នឹង​​ភាគី​ចុងចោទ​បាន​ធ្វើ​ការងារ​បាន​​យ៉ាង​ល្អ។

ហើយ​នៅ​ខណៈនោះ​ដែរ​ នួន​ ជា​​ និង​ អៀង សារី​ ខកខាន​មិន​បាន​ឆ្លើយតប​​ការ​ចោទ​ប្រកាន់​ដ៏​សំខាន់​ប្រឆាំង​​នឹង​ពួកគេ​ទេ លោក​ ខៀវ​ សំផន​ បាន​ឆ្លើយតប​ដល់​ការ​ចោទ​ប្រកាន់​​របស់​ក្រុម​ព្រះរាជអាជ្ញា​ ហើយ​បាន​វាយ​ប្រហារ​ភស្តុតាង​​ខ្លះ​ៗ​។

លោកស្រី ​Duffy ​និយាយ​ទៀត​ថា​រយៈពេល​មួយ​សប្តាហ៍​បាន​ធ្វើ​ឲ្យ​​ឃើញ​ល្បិចកល​​​ដែល​​​ក្រុម​ចុងចោទ​​នឹង​ឆ្លើយ​ការពារ​ខ្លួន។

សេចក្តី​ថ្លែងការណ៍​របស់​នួន​ ជា​ ​បាន​ផ្តោត​លើ​ទិដ្ឋភាព​នយោបាយ​​ទូលំ​ទូលាយ​​​នៅពេល​នោះ​ ហើយ​នឹង​ទំនាក់ទំនង​ដ៏​ល្វីង​ជូរ​ចត់​​រវាង​បក្ស​កុម្មុយនិស្ត​​វៀត​ណាម​និង​កម្ពុជា។

«ចំពោះ​លោក​ ខៀវ សំផន​គោលជំហរ​របស់​គាត់​គឺ​ថា​ ទោះបី​ ខ្ញុំ​ស្ថិត​ក្នុង​តួនាទី​​នេះ​ក៏​ដោយ​ ខ្ញុំ​ មិនមែន​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទេ​ ខ្ញុំ​មិនមែន​​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​សំខាន់ៗ​ទេ ​មាន​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នៅ​ពេល​នោះ​ហើយ​ យើង ​មិន​បាន​ត្រួតត្រា​បញ្ហា​នោះ​ទេ។»

ការ​កាត់ទោស​របស់​មេដឹកនាំ​ទាំង​៣​​បាន​ត្រូវ​ចែក​ជា​ការ​កាត់ទោស​តូចៗ​មួយ​ចំនួន​ ហើយ​នៅ​សប្តាហ៍​នេះ​ បាន​ឃើញ​ការ​ចាប់​ផ្តើមការ​កាត់ទោស​លើក​ទីមួយ​នៃ​ការ​កាត់​ទោស​តូចៗទាំង​នោះ។ ការ​កាត់​ទោស​ភាគ​ច្រើន​ នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​បរិបទ​​នៃ​ការ​ផ្លាស់​ទីលំនៅ​​ដោយការ​បង្ខំ​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​ខ្មែរ​ក្រហម។

ការ​ចោទ​ប្រកាន់​នេះ​ និយាយ​យោង​ដល់​ព្រឹត្តិការណ៍​​​២​ក្នុង​ឆ្នាំ​១៩៧៥ ​នៅ​ពេល​ដែល​កងទ័ព​​របស់​ប៉ុល​ ពត​​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​​ហើយ​បាន​ជម្លៀស​មនុស្ស​​ដោយ​ការ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ទីប្រជុំជន​ទាំង​អស់។ នៅពេល​បន្ទាប់​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​នោះ​ ពួកគេ​បាន​បង្ខំ​​​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ជំរំ​​ការងារ​នៅ​ទូទាំង​ប្រទេស។

ក្រុម​ព្រះ​រាជអាជ្ញា​និយាយ​ថា​ មនុស្ស​រាប់​ម៉ឺននាក់​​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ផ្លាស់​ប្តូរទី​កន្លែង​ទាំង​នេះដែល​បាន​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ទីមួយ​នៃ​បទពិ​សោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខ្លះ។ ក្នុង​ការ​ថ្លែង​បើក​សុន្ទរកថា​​របស់​លោក​ ​លោក​ Cayley ​បាន​​ដាក់​ចំនួន​មនុស្ស​ស្លាប់​ពេល​នោះ​ថា៖

មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​កម្ពុជា​៤​នាក់​​បាន​ស្លាប់​ លោក​ មាន​ប្រសាសន៍​ថា៖

«ការបាត់​បង់​ជីវិត​ដែល​​មិនកើត​មាននៅ​ប្រទេស​ជាតិ​​ណាមួយ​ទេ​​ចាប់​តាំង​ការ​សម្លាប់​បុរសពេញវ័យ​​ហើយនឹង​ការ​យកស្រ្តី​និង​កុមារ​ធ្វើ​ជា​ទាសករ​នៅលើ​កោះ​ Milos ​របស់​រដ្ឋ​ Athenian ​កាល​ពី​២​ពាន់​៤រយ​ឆ្នាំ​មុន។ នៅ​ពេល​ដែលត្រូវ​​បាន​វិនិច្ឆ័យ​ពី​លក្ខខណ្ឌ​នៃ​ចំនួន​ប្រជាពលរដ្ឋ​របស់​​ជាតិ​មួយ​ដែល​បាន​ស្លាប់​ឬ​ត្រូវ​ធ្វើ​ឃាត​ ទំហំ​នៃ​មហន្តរាយ​ខាង​មនុស្សជាតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ចុងចោទ​ទាំង​​នេះ​នៅ​ក្នុង​ប្រទេស​នេះ ​​មិន​មាន​អ្វី​ប្រៀបធៀប​បាននៅ​ក្នុង​សម័យ​ទំនើប​នេះ។»

តុលាការ​មាន​គម្រោង​ចាប់​ផ្តើម​សវនា​​ពិនិត្យ​មើល​លើ​ភស្តុតាង​ដាក់​បន្ទុក​នៅ​ថ្ងៃ​ទី៥ ​ខែ​ធ្នូ៕

ប្រែសម្រួល​​ដោយ​ ជឹង​ ប៉ូជីន