របាយការណ៍​ថ្មី​មួយ​ បាន​ចាត់​​ទុក​ ​​ប្រទេស​អេហ្ស៊ីប (Egypt) ​ថា​ជា​មជ្ឈមណ្ឌល​នៃ​ការ​ធ្វើ​ជំនួញ​និង​រត់ពន្ធ​​ផលិតផល​ភ្លុក​​ដោយ​ខុស​ច្បាប់ នៅ​​​ទ្វីប​អាហ្វ្រិក។ ដោយ​មាន​​ភាព​ចលាចល​ខាង​នយោបាយ​នៃ​បដិវត្តដ៍​អារ៉ាប់ (Arab Spring) ទីផ្សារ​និង​រោងជាង​ច្នៃ​​ផលិតផល​​ភ្លុក​ដោយ​​ខុស​ច្បាប់ បាន​ក្លាយ​ជា​ជំនួញ​​យ៉ាង​រីក​ដុះដាល​មួយ។

របាយការណ៍​នេះ ដែល​បាន​លេច​ឡើង​ក្នុង​ព្រឹត្តិប័ត្រ​មួយ​មាន​ចំណងជើង​ថា ការរត់ពន្ធ (TRAFFIC) បាន​ឱ្យ​ដឹង​ថា ​ផលិតផល​ភ្លុក​​​ខុស​ច្បាប់​នានា មាន​ដាក់​លក់​​រួច​ជា​ស្រេច​នៅ​ទីក្រុង​ គែរ (Cairo) និងឡុចស្សឺ (Luxor)។

លោក អេសមូនដ៏ ម៉ាទីន (Esmond Martin) និង​លោកស្រី លូស៊ី វីហ្គនី (Lucy Vigne) (ឬ វីនី Vine) សហ​អ្នកនិពន្ធ​នៃ​​របាយការណ៍​នេះ បាន​​ទស្សនកិច្ច​​ប្រទេស​អេហ្ស៊ីប កាលពី​​ខែ​មីនា​និង​មេសា ​ឆ្នាំ​២០១១​នេះ។ លោក ម៉ាទីន ថ្លែង​ថា ​គ្មាន​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​លាក់​​ផលិតផល​ភ្លុក​​នោះ​​ទេ។

យើង​បាន​រក​ឃើញ​ផលិតផល​ភ្លុក​​​​ជាង ៩ពាន់ ​​បំណែក​ នៅ​ទីក្រុង​គែរ និង​​ឡុចស្សឺ។ ភ្លុក​ភាគ​ច្រើន​ ស្ថិត​​នៅ​ក្នុង​ទីក្រុង​គែរ។ ហើយ​ ភ្លុក​ទាំងអស់​នោះ​ បាន​មក​ពី​ប្រភព​ខុស​ច្បាប់។ ផលិត​ផល​ភ្លុក ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​លក់ដូរ​ឡើយ។ ខ្ញុំ​មិន​គិត​ថា ភ្លុក​​ទាំងនោះ​ ​ពិត​ជា​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​​ដាក់​តាំង​បង្ហាញ ​ក្នុង​គោល​បំណង​ពាណិជ្ជកម្ម​នោះ​​ឡើយ។

លោក ​មាន​ប្រសាសន៍​ថា ​ផលិត​ផល​ភ្លុក​ចំនួន ​៩ពាន់ បំណែក​​នោះ ​គ្រាន់តែ​​ជា​​ភ្លុក​​សម្រាប់​​ដាក់​តាំង​បង្ហាញ​តែ​ប៉ុណ្ណោះ។ ភ្លុក​ទាំងនោះ​ ​មិន​បាន​រាប់​បញ្ចូលការ​​​ស្តុក​ទុក ​ដែល​អាច​ត្រូវ​បាន​លាក់​ទុក ឬ​ដាក់​ក្នុង​ឃ្លាំង​ស្តុក​​ឡើយ។ លោក ថ្លែង​​ថា​ ភ្លុក​ដំរី​ភាគ​ច្រើន ​ត្រូវ​បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​​ប្រទេស​ស៊ូដង់ (Sudan) ឆ្ពោះទៅកាន់ ​អេហ្ស៊ីប។

​ផលិត​​ផល​ភ្លុក និង​ភ្លុក​ដំរី​ អាច​មាន​ប្រភព​ចេញ​មក​ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល (Central African Republic) សាធារណរដ្ឋ​កុងហ្គោ (Republic of Congo) ប្រទេស​កេនយ៉ា (Kenya) និង​​​កូឌីវ័រ (Coté D'Ivoire)។ ដូច្នេះ​ ភ្លុកដំរី​ទាំងនោះ​ ទំនង​ជា​​​ត្រូវ​​បាន​បញ្ជូន​ឆ្លងកាត់​តាម​ ​ស៊ូដង់ ហើយ​បន្ទាប់​មក ​ភាគច្រើន​ឆ្ពោះ​ទៅទីក្រុង ​​គែរ តែម្តង និង​​​ឆ្ពោះ​​ទៅ​កាន់​​កន្លែង​​មួយ ​ដែល​ត្រូវ​បាន​​ឲ្យ​ឈ្មោះ​​ថា ខាន អាល ខាលីលី (Khan al-Khalili) ដែល​ជា​ទី​ទីផ្សារ​ដ៏សំខាន់​មួយ។

របាយការណ៍​នេះ​ បាន​បញ្ជាក់​​ថា ប្រទេស​ចិន (China) ​ជា​ទីផ្សារ​​ធំ​បំផុត​សម្រាប់​ផលិតផល​ភ្លុក​ដំរី​ខុស​ច្បាប់ ប៉ុន្តែ​ ភ្លុក​ភាគច្រើន ត្រូវ​​បាន​រត់​ពន្ធ​ទៅ​កាន់​​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស៍ (Persian Gulf)ដែរ ដែល​មាន​ទម្រង់​​ជា​​​ខ្សែ​​អង្គាំ​​សម្រាប់​សូត្រ​ធម៌ និង​ឈើ​ច្រត់​ជា​ដើម។

បច្ចុប្បន្ន​នេះ ជនជាតិ​ចិន​ ជា​អតិថិជន​និង​អ្នក​ទិញ​ភ្លុក​ដំរី​ដ៏​ធំ​ នៅ​​អេហ្ស៊ីប ដែល​​កាល​ពី​​មុន មាន​ជនជាតិ​បារាំង អេស្ប៉ាញ និងអាមេរិកាំង។ ប៉ុន្តែ​ឥឡូវ​​នេះ ការ​​ទិញ​ដូរ ​ត្រូវ​បាន​ជំនួស​ដោយ​ជនជាតិ​ចិន ដែល​ជា​អ្នក​​ទិញ​​ចំនួន​​ពាក់​កណ្តាល​នៃ​ផលិតផល​ភ្លុក​ដំរី​ទាំងអស់។

លោក ម៉ាទីន បាន​និយាយ​ថា ការ​រត់ពន្ធ​​ផលិតផល​ភ្លុក ទៅ​កាន់​ប្រទេស​ចិន ​កំពុងធ្វើ​ឲ្យ​បាត់បង់​យ៉ាង​​ធំធេង​ទៅ​លើ​ចំនួនសត្វ​​ដំរី​ នៅ​​អាហ្រ្វិក។

ជនជាតិ​ចិន​ ​ជា​អ្នក​នាំ​ចូល​ផលិត​ផល​​ភ្លុក​ដោយ​​ខុស​ច្បាប់​​ធំ​បំផុត នៅ​​ក្នុង​ពិភពលោក។ ហើយ​ ការ​នាំ​ចូលនេះ បាន​ក្លាយ​​​ទៅ​ជា​បញ្ហា​​​ចំបង​បំផុត​​តែ​មួយ​គត់​ ទាក់ទង​នឹងសត្វ​​ដំរី​ទាំងឡាយ​ នៅ​​ទូទាំង​​ទ្វីប​អាហ្រ្វិក និង​ផ្នែក​ខ្លះ​នៃ​​ទ្វីប​អាស៊ី​​ទៀត​ផង ប៉ុន្តែ​ភាគច្រើន​នៅ​អាហ្វ្រិក​តែ​ម្តង។ ដូច្នេះ ​យើង​ត្រូវ​តែ​ដោះ​ស្រាយ​សភាពការណ៍​​នេះ។ លោកស្រី លូស៊ី វីគនី (Lucy Vigne) និង​ខ្ញុំ​​ផ្ទាល់ បាន​ធ្វើ​​ដំណើរ​ទៅ​កាន់​​ប្រទេស​ចិន​​ កាលពី​​ឆ្នាំ​មុន ប្រហែល​ជា​​ក្នុង​ពេល​នេះ​ដែរ។ ហើយ​ ​យើង​ បាន​ធ្វើ​ការ​ស្ទាបស្ទង់​មតិ ​​នៅ​ភាគ​ខាង​ត្បូង​​របស់​ប្រទេស​នេះ។ ហើយ​ យើង​ឃើញ​មាន​ភ្លុក​ដំរី​​សម្រាប់​ដាក់​​លក់​នៅ​លើ​ទីផ្សារ​ច្រើន​ជាង​ពេល​មុន​ៗទៅ​ទៀត។ ហើយ​តម្លៃ​ គឺ​ប្រហែល​ជា​៧៥០ដុល្លារ ក្នុង​មួយ​គីឡូក្រាម សម្រាប់​ភ្លុក​មិន​ទាន់​​កែ​ច្នៃ។

លោក ម៉ាទីន ​មាន​ប្រសាសន៍​ថា គ្មាន​ភស្តុតាង​ណា​មួយ ដែល​បញ្ជាក់​​ថា ក្រុម​​មន្ត្រី​ចិន ​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ភ្លុក​ដំរី​នេះ​ទេ។ លោក​ ថ្លែង​ថា តាមពិត ​រដ្ឋាភិបាល​ចិន យក​ចិត្ត​​ទុក​ដាក់​​យ៉ាង​​ខ្លាំង​​ទៅ​លើ​​​សភាពការណ៍​​នេះ​ ហើយ​ដាក់​ទណ្ឌកម្ម​យ៉ាង​​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ណា​ ​ដែល​ត្រូវ​​បាន​​ចាប់​ជាមួយ​​​ភ្លុក​ដំរី​ខុស​ច្បាប់។ បញ្ហា​នោះ​ គឺ​នៅ​ត្រង់​ថា មាន​ការ​រត់ពន្ធ​ជា​ទ្រង់ទ្រាយ​តូច​ៗ​ជា​ច្រើន​ នៅ​​អាហ្វ្រិក ដែល​​បាន​​បញ្ជូន​ភ្លុក​ដំរី​ ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ការ​លំបាក​ក្នុង​ការទប់ស្កាត់​ការ​នាំ​ចូល។

អេហ្ស៊ីប​ ជា​​សមាជិក​​​​នៃ​អនុសញ្ញា​ស្តី​អំពី​ពាណិជ្ជកម្ម​អន្តរជាតិ ទៅ​​លើ​ពូជ​សត្វ​ព្រៃ​និង​រុក្ខជាតិ​​ជិត​​ផុត​ពូជ (Convention on International Trade in Endangered Species of Wild Fauna and Flora) ឬ​ហៅ​កាត់​​ភាសា​អង់គ្លេស​ថាជា ស៊ីតេស (CITES)។

លោក ម៉ាទីន ថ្លែង​ថា ​លោក ​បាន​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់ពីសំណាក់​​​អាជ្ញាធរ​អេហ្ស៊ីប​ ទៅ​លើ​​​បញ្ហា​នៃ​ការ​ជួញ​ដូរ​ភ្លុក​ដំរី​ខុស​ច្បាប់​នេះ ហើយ​​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​​​ធ្វើ​ការ​បង្ក្រាប៕

បែ្រ​សម្រួល​ដោយ ឃួន ធារ៉ា